ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ១៩៩៧ ខ្ញុំនៅចាំថា ខ្ញុំគ្រាន់តែជាក្មេងថ្នាក់ទី៦ម្នាក់ដែលមានជីវភាពក្រលំបាកតោកយ៉ាកជាទីបំផុត។ ថ្ងៃមួយនៅពេលឃើញក្មេងស្រីថ្នាក់ទី៤ម្នាក់ចោលកញ្ចប់បាយដែលញ៉ាំរួចទៅក្នុងធុងសំរាមភ្លាម ខ្ញុំក៏ស្ទុះវឹងទៅរើសយកលាតបម្រុងនឹងបរិភោគ ស្រាប់តែសំឡេងមួយបន្លឺឡើង៖
«សក្តា! ឯងកំពុងធ្វើអី?» គ្រាន់តែឮសំឡេងនេះភ្លាម ខ្ញុំក៏លាក់កញ្ចប់បាយទៅក្រោយ ហើយធ្វើទឹកមុខញញឹមបន្តិច សើចបន្តិច លីលើដូចមនុស្សមិនគ្រប់ទឹកតបទៅអ្នកគ្រូរបស់ខ្ញុំដែលមានទឹកមុខញញឹមពោរពេញទៅដោយសេចក្តីសន្តោសប្រណី៖
«ខ្ញុំមិនបានធ្វើអីឯណាអ្នកគ្រូ!»
«ហុចរបស់ដែលឯងកាន់នៅក្រោយខ្នងមកឱ្យអ្នកគ្រូ»
ខ្ញុំទីទើ តែក៏ហុចកញ្ចប់បាយទៅកាន់អ្នកគ្រូ អ្នកគ្រូឈោងយក ហើយមិននិយាយជាមួយខ្ញុំទេ តែបែរជាងាកទៅរកក្មេងស្រីដែលចោលកញ្ចប់បាយនោះ រួចបន្លឺ៖
«កូនឃើញទេ! កាកសំណល់របស់កូន វាគ្មានន័យចំពោះកូន តែវាមានប្រយោជន៍សម្រាប់អ្នកដទៃខ្លាំងណាស់ កូនរស់នៅមានញ៉ាំគ្រប់គ្រាន់ តែកូនខ្ជីខ្ជា កូនយល់ទេពីទុក្ខវេទនារបស់អ្នកដទៃ? ថ្ងៃក្រោយ បើកូនមានអ្វីដែលច្រើន កូនអាចចែករំលែករបស់នោះទៅកាន់មិត្តរួមថ្នាក់ ប្រសើរជាងយកបោះចោលដូច្នេះ!»
ក្មេងស្រីនោះងាកសម្លឹងមកខ្ញុំ រួចក៏មើលទៅអ្នកគ្រូ។ នាងយកដៃជូតទឹកភ្នែក ហើយលើកដៃប្រណមឡើង៖
«សូមទោសម៉ាក់!...........សូមទោសបងប្រុស!»
នាងមិនបានធ្វើអ្វីខុសចំពោះខ្ញុំឡើយ តែនាងបែរជាសូមទោសខ្ញុំ ធ្វើឱ្យខ្ញុំមានអារម្មណ៍មិនស្រណុកសោះ។ អ្នកគ្រូញញឹម ហើយស្រដីមករកខ្ញុំ៖
«នេះបាយជាចំណែករបស់អ្នកគ្រូ ឯងយកទៅញ៉ាំឱ្យឆ្អែតចុះ!!»
«ចុះអ្នកគ្រូ?»
«បើខ្លាចអ្នកគ្រូឃ្លាន ទុកមួយដុំតូចឱ្យអ្នកគ្រូបានហើយ......ឱ្យលឿនទៅ ចូលរៀនឥឡូវហើយ!»
អ្នកគ្រូដឹកដៃកូនស្រីគាត់ទៅថ្នាក់រៀន។ ខ្ញុំឃ្លានណាស់ មិនបង្អង់ឡើយ បើកប្រអប់បាយអ្នកគ្រូខ្វាច់ ស្ទើរតែស្រក់ទឹកមាត់ ពងទាចៀននិងត្រីងៀត។ ខ្ញុំដឹងថា អ្នកគ្រូក៏មិនទាន់ពិសាដែរ ខ្ញុំដួសបាយដាក់លើគម្រប ហើយទុកឱ្យអ្នកគ្រូផងដែរ។ បន្ទាប់ពីខ្ញុំញ៉ាំហើយ ខ្ញុំក៏យកប្រអប់បាយទៅជូនអ្នកគ្រូវិញ៖
«ឆ្អែតហើយអ្ហេះ?»
«បាទ! អរគុណអ្នកគ្រូ........ខ្ញុំញ៉ាំល្អទេ អ្នកគ្រូអាចពិសាបាន!»
អ្នកគ្រូញញឹមឈោងប្រអប់បាយពីខ្ញុំ ហើយក៏បើកពិសាភ្លាម ហាក់មិនមានអារម្មណ៍ខ្ពើមរអើមអ្វីសោះ។
ចាប់តាំងពីថ្ងៃនោះមក ខ្ញុំតែងតែបានទទួលប្រអប់បាយមួយចំណែកពីអ្នកគ្រូជារៀងរាល់ថ្ងៃ។ អ្នកគ្រូខ្ញុំមិនដែលវាយធ្វើបាបសិស្សទេ ប៉ុន្តែគាត់និយាយច្រើនណាស់មួយថ្ងៃៗ។ គាត់តែងមានប្រសាសន៍ថា៖
«អ្នកគ្រូដឹងថា អ្នកគ្រូនិយាយច្រើន ពួកឯងដឹងទេថា អ្នកគ្រូហត់ប៉ុណ្ណា? តែអ្នកគ្រូសុខចិត្តហត់ និយាយដដែលៗឱ្យពួកឯងស្តាប់ គឺមិនចង់ឱ្យពួកឯងធ្វើខុស ហើយក៏មិនចង់វាយធ្វើបាបពួកឯងដែរ កូនគេដូចតែកូនយើង! ថ្នាក់ទី៦ គឺធំល្មមហើយ!!»
ពិតមែនហើយ! យូរៗទៅ ពួកយើងក៏មិនចង់ស្តាប់អ្នកគ្រូនិយាយច្រើនដែរ ដូចនេះពួកយើងព្យាយាមធ្វើអ្វីដែលត្រឹមត្រូវ កុំឱ្យអ្នកគ្រូខឹង។
ខ្ញុំបានឃើញប្រធានថ្នាក់ទាំងបីរបស់ខ្ញុំប្រឹងប្រែងណាស់ក្នុងការដឹកនាំ និងគ្រប់គ្រងមិត្តរួមថ្នាក់ទាំងការសិក្សានិងពលកម្ម។
ជារៀងរាល់ថ្ងៃ បរិស្ថានថ្នាក់របស់ពួកយើងគឺស្រស់ស្រាយ បរិយាកាសល្អ ទឹកមុខអ្នកគ្រូតែងតែញញឹម ពួកយើងរីករាយក្នុងការរៀនសូត្រណាស់។ ពេលនេះធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំមានឪពុកម្តាយដូចគេឯងដែរ ទាំងខ្លួនជាកូនកំព្រានៅជាមួយតែយាយប៉ុណ្ណោះ។
ខ្ញុំស្រឡាញ់ថ្នាក់រៀនខ្ញុំណាស់ តែជាអកុសល យាយខ្ញុំក៏ធ្លាក់ខ្លួនឈឺ។ គាត់ក៏លាចាកលោកចោលខ្ញុំទៀត កូនខ្ទមមួយដែលធ្លាប់រស់នៅពីរនាក់យាយ ឥឡូវត្រូវនៅតែម្នាក់ឯង។ អ្នកស្រុកភូមិ ពួកគាត់អាណិតខ្ញុំណាស់ តែងតែផ្គតផ្គង់អាហារដល់ខ្ញុំ។ លុះមិនយូរប៉ុន្មាន មានគ្រួសារមួយមកទទួលខ្ញុំទៅចិញ្ចឹម។ ខ្ញុំបាននិយាយរឿងរ៉ាវនេះប្រាប់អ្នកគ្រូ។ អ្នកគ្រូទឹកមុខញញឹមធម្មតា តែខ្ញុំចាំថា មុនគាត់ជូនដំណើរខ្ញុំ គាត់បានសុំជួបជាមួយគ្រួសារនោះយ៉ាងយូរ។ ខ្ញុំក្រាបសំពះលាអ្នកគ្រូដល់បាតជើង។
មួយប៉ប្រិចភ្នែកសោះ ឥឡូវខ្ញុំធំហើយ រៀនចប់មានការងារធ្វើជាវេជ្ជបណ្ឌិតម្នាក់ដ៏មានសមត្ថភាព និងមានចិត្តមេត្តាដ៏មិនគួរឱ្យជឿ តែរហូតមកដល់ពេលនេះ ខ្ញុំមានការសោកស្តាយណាស់ ព្រោះខ្ញុំមិនបាននិយាយពាក្យមួយឃ្លាទៅកាន់អ្នកគ្រូខ្ញុំ តែពាក្យមួយឃ្លាដែលអ្នកគ្រូស្រដីមករកខ្ញុំមុនខ្ញុំចាកចេញ គឺខ្ញុំនៅចងចាំនៅឡើយ៖
«ទោះទៅដល់ទីណា ត្រូវចាំថា ខ្លួនយើងនៅទីនេះ យើងត្រូវការសេចក្តីសុខ អ្នកដទៃក៏ត្រូវការសេចក្តីសុខដូចគ្នា! គ្មានអ្នកណាម្នាក់ចង់ឈឺចាប់ទេ!»
សូមអ្នកគ្រូទៅកានឋានមួយដែលពោរពេញទៅដោយក្តីសុខ។ កំពុងតែគិតស្លុងអារម្មណ៍ សំឡេងអ្នកម៉ាក់ក៏បន្លឺឡើង៖ «សក្តា! ញ៉ាំបាយកូន!»
«បាទម៉ាក់!»
អ្នកម៉ាក់ ”ចិន្តា” និងលោកប៉ា “តារា” ជាឪពុកម្តាយចិញ្ចឹមដែលមានចិត្តមេត្តាបំផុតសម្រាប់ខ្ញុំ។ ខ្ញុំស្រឡាញ់ពួកគាត់ណាស់។ កំពុងតែស្រស់ស្រូបអាហារថ្ងៃត្រង់ជុំគ្នា លោកប៉ាបន្លឺ៖
«ផ្ទះយើងនៅសៀមរាប រៀបចំរួចរាល់អស់ហើយ ទៅនៅពេលណាក៏បាន!»
«មើលទៅសក្តា ប្រហែលជាមិនទៅជាមួយយើងទេបងអើយ!»
«ទៅម៉ាក់!» ខ្ញុំឆ្លើយយ៉ាងប្រញាប់។
«លេបបាយឱ្យអស់សិនទៅ!»
«........ខ្ញុំទៅដែរណាម៉ាក់ប៉ា!»
«ចុះការងារកូន?»
«កូននឹងរៀបចំឯកសារសុំផ្លាស់!!»
«អ៊ីចឹង! ស្រេចតែកូនចុះ! ចាំផ្លាស់បានពេលណា ពួកយើងទៅទាំងអស់គ្នា!!»
ប៉ាម៉ាក់ចូលនិវត្តន៍ពីការងារអស់ហើយ ពួកគាត់ធ្លាប់និយាយថា ចង់រកផ្ទះដែលមានដីដាំដំណាំសម្រាប់ជីវិតវ័យចាស់របស់គាត់ តែខ្ញុំមិននឹកស្មានសោះថា ពួកលោកទៅទិញដីធ្វើផ្ទះនៅខេត្តសៀមរាប។ អរគុណលោកទាំងពីរដែលតែងតែយល់ចិត្តកូន។ សៀមរាបគឺជាទឹកដីកំណើតរបស់ខ្ញុំ ហើយក៏ជាកន្លែងដែលខ្ញុំបាត់បង់គ្រប់យ៉ាង សូម្បីតែយាយ តែវាជាកន្លែងមួយដែលធ្វើឱ្យខ្ញុំរឹងមាំ មានគុណធម៌ គឺព្រោះតែអ្នកគ្រូ។
មួយឆ្នាំក្រោយមក គ្រួសារយើងគឺពិតជាបានមករស់នៅក្នុងទឹកដីខេត្តសៀមរាបមែន។ ខ្ញុំឃើញប៉ាម៉ាក់សប្បាយចិត្តច្រើន។ ពួកគាត់ដាំដំណាំនៅជុំវិញផ្ទះ ខ្ញុំទៅធ្វើការនៅមន្ទីរពេទ្យបង្អែកខេត្ត ហើយនិងបើកគ្លីនិកតូចមួយនៅផ្ទះផងដែរ។
ថ្ងៃនេះ ខ្ញុំមកសាលាដែលខ្ញុំធ្លាប់រៀន ហើយឈរសម្លឹងទៅថ្នាក់ដែលខ្ញុំធ្លាប់រៀនជាមួយអ្នកគ្រូ។ ព្រះជាម្ចាស់អើយ! អ្នកណាដើរចេញពីថ្នាក់.........? អ្នកគ្រូខ្ញុំមែនទេ? បើអ្នកគ្រូខ្ញុំនៅរស់ គាត់មិននៅក្មេងដូចជាស្រីម្នាក់នេះទេ។ មើលទៅនាងប្រហែលជាអាយុតិចជាងខ្ញុំបួនឆ្នាំ...........ខ្ញុំឈ្លីក្បាលបម្រុងដើរចេញ ស្រាប់តែសំឡេងមួយបន្លឺឡើងយ៉ាងញាប់រន្ថើន៖
«កុំញ៉ាំៗ!............របស់នេះប្អូមអស់ហើយហ្នឹង!»
«ខ្ញុំឃ្លាន..............»
«នេះ! មីងមាននំប៉័ង.........យកទៅ! តែឈប់មករកអាហារនៅទីនេះទៀត ស្តាប់បានទេ?»
«អរគុណមីង!»
ទិដ្ឋភាពនេះធ្វើឱ្យខ្ញុំនឹកឃើញអ្នកគ្រូ។ អ្នកគ្រូម្នាក់នេះមានរូបរាងស្រដៀងនឹងអ្នកគ្រូរបស់ខ្ញុំ ចំណែកទឹកចិត្តក៏ដូចគ្នាដែរ។ ទឹកភ្នែកខ្ញុំស្រក់ទន្ទឹមនឹងខ្ញុំសម្លឹងទៅមើលនាងក៏ឃើញទឹកភ្នែកនាងកំពុងស្រក់ដូចគ្នា។ មានតែពួកយើងបីនាក់គត់ដែលអាចចងចាំទិដ្ឋភាពនេះ។ កូនអ្នកគ្រូ!.................ត្រូវហើយ! ..................សីហា
«សីហា! តោះទៅផ្ទះ!»
«ចាសបង!»
នាងដើរចេញទៅជាមួយអ្នកគ្រូម្នាក់ទៀត។ ពួកនាងជិះម៉ូតូចេញទៅ ខ្ញុំតាមនាងពីក្រោយរហូតទៅដល់ផ្ទះ។ ផ្ទះអ្នកគ្រូនៅដដែល គឺផ្ទះឈើប្រក់ក្បឿងតូចល្មម តែមើលទៅនាងហាក់មិនដូចនៅតែម្នាក់ឯងទេ។ ក្រែងនាងគ្មានប៉ាទេអ្ហេះ? ឬមួយសាច់ញាតិនាងមកលេងទេដឹង? មនុស្សប្រុសម្នាក់ ស្រីម្នាក់វ័យប្រមាណជា៤០ឆ្នាំ និងកម្លោះអាយុប្រហែល២០ឆ្នាំហាក់ដូចជារីករាយក្នុងការជួបជុំនឹងសីហាណាស់។ ខ្ញុំមិនចង់ចូលទៅកាត់សង្វាក់ពួកគេទេ ទើបត្រឡប់ទៅផ្ទះវិញ។
អ្នកគ្រូ! ខ្ញុំមិនបានជួបអ្នកគ្រូ តែខ្ញុំបានឃើញកូនអ្នកគ្រូហើយ នាងស្រស់ស្អាត និងមានចិត្តមេត្តាដូចអ្នកគ្រូអ៊ីចឹង។ ខ្ញុំមិនបោះបង់ការជួបនាងទេ ខ្ញុំនឹងទៅរកនាងម្តងទៀត។ កំពុងតែគិត សំឡេងម៉ាក់ហៅខ្ញុំ៖
«សក្តា!................កូនគិតអីហ្នឹង?»
«កូនបានជួបកូនអ្នកគ្រូហើយម៉ាក់!»
«អ៊ីចឹងអ្ហេះ? នាងសុខសប្បាយទេ ហើយនៅចាំកូនទេ?»
«នាងសុខសប្បាយទេ! នាងមិនបានឃើញកូនទេ តែមិនអីទេ! ខ្ញុំនឹងទៅជួបនាងម្តងទៀតឱ្យបាន!»
«នាងស្អាតទេកូន?»
«មិនសូវស្អាតទេម៉ាក់!»
«អ៊ីចឹងប្រហែលជាមិនត្រូវចិត្តកូនខ្ញុំទេ មើលទៅ!»
«ម៉ាក់មានប្រសាសន៍អីហ្នឹង?»
«ម៉ាក់និយាយលេងទេ តោះ! ទៅញ៉ាំបាយ!»
មិនដឹងថា មកពីខ្ញុំនឹកអ្នកគ្រូឬយ៉ាងណាទេ ខ្ញុំចេះតែចង់ជួបសីហា? ខ្ញុំតាមមើលនាងប៉ុន្មានថ្ងៃហើយ ការពិតគឺនាងរស់នៅម្នាក់ឯងទេ។ នាងក៏មានឪពុកម្តាយចិញ្ចឹមដូចខ្ញុំដែរ។ ហេតុអីក៏យើងទាំងពីរ បែរជាដូចគ្នាទៅវិញ? ខ្ញុំតែងគិតថា នាងសំណាងជាងខ្ញុំដែលបានរស់នៅជាមួយម្តាយបង្កើត ប៉ុន្តែអ្នកគ្រូបែរជាឆាប់លាចាកលោកនេះទៅវិញ។ មើលទៅ នាងហាក់ដូចជាកម្សត់ជាងខ្ញុំទៀត។ កំពុងតែសម្លឹងនាងបណ្តើរម៉ូតូចូលផ្ទះបន្ទាប់ពីចាក់សោររបងហើយ ស្រាប់តែសំឡេងកាំជ្រួចឮចេញពីផ្ទះបុណ្យមួយកន្លែងនៅក្បែរនោះ។
នាងប្រហែលជាភ្ញាក់ហើយ មិនទាន់ដល់ក្រោមផ្ទះស្រួលបួលផង ម៉ូតូក៏ដួលទៅម្ខាង តែមិនឃើញនាងស្ទុះទៅលើកឡើយ។ នាងបែរជាអង្គុយច្បោមក្បាលជង្គង់ក្រាប។ កាំជ្រួចផ្ទុះឡើងបន្តទៀត តែអ្វីដែលខ្ញុំឃើញម្តងនេះ គឺទឹកភ្នែករបស់នាង និងដងខ្លួនទាំងមូលដែលញ័រទទ្រើត។ ទិដ្ឋភាពនេះ ទើបធ្វើឱ្យខ្ញុំនឹកឃើញវីដេអូដែលយកចេញពីកាមេរ៉ាសុវត្ថិភាព គឺនៅពេលដែលអ្នកគ្រូត្រូវគ្រាប់កាំភ្លើងនៅថ្ងៃនោះ។ ខ្ញុំលែងគិតអ្វីទាំងអស់ ស្ទុះរត់ចេញទៅរកនាង ខ្ញុំមិនដឹងធ្វើយ៉ាងណាដើម្បីបង្ក្រាបចិត្តភ័យខ្លាចរបស់នាងបានឡើយ។ ដៃទាំងពីររបស់ខ្ញុំ គឺក្រសោបឱបនាង ហើយចេះតែនិយាយថា៖
«កុំខ្លាចអីៗៗ...»
ហេតុអ្វីក៏នាងខ្លាំងម្ល៉េះ? នាងស្ទុះងើបឈរឡើង ហើយរុញខ្ញុំទៅម្ខាងស្ទើរតែដួល ទើបបន្លឺសំឡេងខ្លាំងៗឡើង៖
«ម៉ាក់.....»
នាងដួលហើយ! ..........ទីបំផុត ខ្ញុំចាប់នាងជាប់ តែនាងសន្លប់ហើយ។
ការពិតវិបត្តិផ្លូវចិត្តរបស់នាងធ្ងន់ធ្ងរណាស់ សូមទោសអ្នកគ្រូ! នៅថ្ងៃនោះ ខ្ញុំក៏បានឃើញនាងនៅកន្លែងកើតហេតុដែរ តែហេតុអីក៏ខ្ញុំមិនគិតដល់នាង? សំឡេងស្នូរកាំជ្រួចដូចនឹងស្នូរកាំភ្លើងដែលបាញ់ផ្ទុះឡើង។ ហេតុអីក៏នាងរស់នៅឆ្លងកាត់ពេលវេលាដ៏ឈឺចាប់យ៉ាងនេះ? កន្លងមក តើនាងរស់នៅពិបាកយ៉ាងណា? តើអ្នកណាជាអ្នកផ្តល់ភាពកក់ក្តៅឱ្យនាង? នរណាមកគ្លីនិករបស់ខ្ញុំច្រើនម្ល៉េះ? មនុស្សប្រហែលជាដប់នាក់ មានពីរនាក់ ខ្ញុំហាក់ដូចជាធ្លាប់ស្គាល់។
«តើអ្នកទាំងអស់គ្នាមករកអ្នកណា?»
«ពួកខ្ញុំមករកអ្នកជំងឺស្រីម្នាក់ឈ្មោះសីហា!»
មនុស្សដែលខ្ញុំធ្លាប់ស្គាល់តប៖
«សីហា! ...........មកមើលសីហាទាំងអស់គ្នាមែនទេ?»
«ត្រូវហើយ!»
«................លោកគឺសក្តាមែនទេ?»
«នាងស្គាល់ខ្ញុំអ្ហេះ?»
«សក្តាភ្លេចខ្ញុំហើយអ្ហេះ? ខ្ញុំគឺណាឌី ពួកយើងធ្លាប់រៀនថ្នាក់ទី៦ជាមួយគ្នាណា!»
«ណាឌី! ខ្ញុំនឹកឃើញហើយ!»
ការពិតពួកយើងជាមិត្តចាស់សោះ។ ពួកគេចូលទៅមើលសីហាអស់ហើយ ខ្ញុំនិងណាឌីនៅជជែកគ្នា។ ណាឌីបាននិយាយរឿងរ៉ាវដែលកន្លងទៅប្រាប់ខ្ញុំ។ បន្ទាប់ពីខ្ញុំចាកចេញទៅកន្លងបានពីរឆ្នាំ ពេលនោះសីហាថ្នាក់ទី៦ហើយ អ្នកគ្រូមានការងារថ្មីមួយទៀត គឺបង្រៀនភាសាអង់គ្លេសនៅសាលាឯកជន សីហាក៏រៀននៅក្នុងថ្នាក់នោះដែរ។ ហេតុការណ៍ដ៏អាក្រក់បានកើតឡើង ដោយខ្មាន់កាំភ្លើងពីរនាក់បានសម្រុកចូលទៅ បំណងបាញ់សម្លាប់ក្មេងម្នាក់ដែលជាកូននាយកសាលានៅទីនោះ ប៉ុន្តែក្មេងនោះទើបតែចេញផុតពីទីនោះ។ ក្មេងៗនៅក្នុងថ្នាក់ហាក់ចលាចលណាស់ ក្នុងនោះក្មេងប្រុសតូចជាងគេហាក់ភ័យខ្លាចខ្លាំងក៏ស្រែកយំឡើង។ ពួកវាគំហកឱ្យស្ងាត់យ៉ាងណាក៏មិនបាត់ ទើបតម្រង់កាំភ្លើងទៅ។
ប្រភព៖ សប្បាយ