
សារព័ត៌មានក្នុងស្រុករាយការណ៍ថា មនុស្ស៥នាក់ស្លាប់ ហើយ៤នាក់ទៀតរងរបួសកាលពីថ្ងៃទី១៧ មេសា ដោយសារការធ្លាក់យន្តហោះតូចមួយជិតផ្សារទំនើបក្នុងតំបន់មួយនៃជាយក្រុងលីស្បោន ព័រទុយហ្គាល់ ។
យន្តហោះនេះធ្លាក់នាវេលាម៉ោងប្រមាណជា១១ព្រឹកម៉ោងក្នុងស្រុកជិតផ្សារទំនើប LIDL DE TIRES ចម្ងាយ២០គីឡូម៉ែត្រខាងលិចរដ្ឋធានីព័រទុយហ្គាល់ ។ មនុស្ស៥នាក់ត្រូវបានរាយការណ៍ថា ស្លាប់ ក្នុងនោះមានអ្នកបើកជនជាតិស្វ៊ីស អ្នកដំណើរជនជាតិបារាំង៣នាក់ និងជនជាតិព័រទុយហ្គាល់ម្នាក់ ដែលស្លាប់នៅលើដីដែលរូបគេជាអ្នកបើករថយន្តកាំមីញ៉ុង ។ មនុស្ស៤នាក់ទៀតរងរបួសស្រាល ។
យន្តហោះនេះជារបស់ស្វ៊ីសដែលហោះមកដល់ព័រទុយហ្គាល់កាលពីថ្ងៃទី១៥ មេសា រួចហោះឆ្ពោះមកកាន់ក្រុងម៉ារសី ប្រទេសបារាំង ។ វាបានផ្ទុះលើអាកាស ហើយធ្លាក់ក្រោយហោះចាកចេញពីព្រលានយន្តហោះ TIRES បានបន្តិច ។ យន្តហោះនេះធ្លាក់លើរថយន្តកាំមីញ៉ុងមួយគ្រឿងស្ថិតនៅក្បែរផ្សារទំនើបនាំឱ្យមានភ្លើងឆាបឆេះ ។ អ្នកជួយសង្គ្រោះជិត៥០នាក់បានលើកគ្នាទៅកាន់កន្លែងយន្តហោះធ្លាក់ ។ ប្រធានាធិបតីព័រទុយហ្គាល់ លោក MARCELO REBELO DE SOUSA បានទៅកាន់កន្លែងនោះដែរ ៕

